មាតិកា

វគ្គបណ្តុះបណ្តាល ស្តីពី “ការចងក្រង ស្រាវជ្រាវ ប្រវត្តិសាស្រ្តភូមិ” សម្រាប់គ្រូបង្រៀន មុខវិជ្ជាប្រវត្តិវិទ្យា និងអក្សរសាស្ត្រខ្មែរនៅដសវិចិត្រសាលសិល្បៈ សហសម័យនៃវិទ្យាស្ថានស្លឹករឹក

ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១៨


នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ គម្រោងអប់រំពីអំពើប្រល័យពូជសាសន៍មជ្ឈមណ្ឌលឯកសារកម្ពុជា សហការជាមួយក្រសួងអប់រំ យុវជន​ និងកីឡា បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការចងក្រង ស្រាវជ្រាវប្រវត្តិសាស្ត្រភូមិ” សម្រាប់គ្រូបង្រៀនមុខវិជ្ជាប្រវត្តិវិទ្យា និងអក្សរសាស្រ្តខ្មែរ នឹងប្រព្រឹត្តទៅរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២១-២៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅវិចិត្រសាលសិល្បៈសហសម័យវិទ្យាស្ថានស្លឹករឹត អគារH ដែលមានទីតាំងស្ថិតនៅក្នុងវិទ្យាស្ថានជាតិអប់រំ។ នៅក្នុងកម្មវិធីនេះដែរ មជ្ឈមណ្ឌលឯកសារកម្ពុជា បានអញ្ជើញលោកគ្រូ-អ្នកគ្រួដែលបង្រៀនមុខវិជ្ជាប្រវត្តិវិទ្យា និងអក្សរសាស្ត្រខ្មែរមកពី ខេត្តកណ្តាល ខេត្តតាកែវ ខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តស្វាយរៀង និងខេត្តកំពង់ឆ្នាំងចំនួនម្ភៃនាក់ រួមជាមួយបុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជាប្រមាណជាងសាម សិបនាក់ចូលរួម ។

ការបង្កើតឲ្យមានវគ្គបណ្តុះបណ្តាលនេះឡើង ក្នុងគោលបំណង៖

១- បង្កើតជាគណៈកម្មការស្វែងរកការពិត និងកាផ្សះផ្សាមួយនៅកម្ពុជា

២- បង្ហាញពីយន្តការយុត្តិធម៌អន្តរកាលផ្សេងៗទៀត

៣- បង្កើតការចងចាំចេញពីមូលដ្ឋាន

៤- បណ្តុះបណ្តាលគ្រូបង្រៀនថ្នាក់មូលដ្ឋានឲ្យក្លាយជា “អ្នកប្រវត្តិសាស្ត្រភូមិតាមរយៈ ការបណ្តុះបណ្តាល” និងបន្តចូលរួមក្នុងការអប់រំ ដោយផ្តល់ឱកាសឲ្យគ្រូបង្រៀនទាំងនោះសរសេរប្រវត្តិសាស្រ្តចេញពីសហគមន៍របស់ខ្លួន និង

៥- ពង្រឹងសមត្ថភាពគ្រូបង្រៀនតាមមូលដ្ឋានឲ្យក្លាយទៅជាគ្រូដែលចេះជំនាញ ស្រាវជ្រាវ ដែលនឹងអាចមានលទ្ធភាពក្នុងការផ្ទេរចំណេះដឹងនេះទៅកាន់សិស្សរបស់ខ្លួន បន្តទៀត។

មនុស្សម្នាក់ មានប្រវត្តិសាស្ត្រមួយ​ ហើយប្រវត្តិសាស្ត្រនេះ នៅមិនទាន់បានកត់ត្រាគ្រប់ជ្រុងជ្រោយនៅឡើយទេ។ តើមានរឿងរ៉ាវអ្វីខ្លះកើតឡើងនៅក្នុងមូលដ្ឋាន? ហើយមានមនុស្សប៉ុន្មាននាក់បានដឹងឮពីរឿងរ៉ាវទាំងនោះ? នេះគឺជាមូលហេតុចម្បងដែលវគ្គបណ្តុះបណ្តាលត្រូវស្វែងយល់ និងចងចាំពីប្រវត្តិរឿងរ៉ាវពីអតីតកាល ព្រមទាំងចែករំលែកដល់ក្មេងៗជំនាន់ក្រោយបន្តទៀត ក្នុងន័យថែរក្សាប្រវត្តិសាស្ត្រខ្លួនឯង។ លោក ផេង ពង្សរ៉ាស៊ី នាយកកម្មវិធីអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា និងជាអ្នកដឹកនាំវគ្គបណ្តុះបណ្តាល បានធ្វើបទបង្ហាញពីសារសំខាន់ក្នុងការស្រាវជ្រាវប្រវត្តិសាស្រ្តនៅក្នុងសហគមន៍ថា ការសរសេរប្រវត្តិសាស្ត្រភូមិ គឺជាគម្រោងដែលនឹងត្រូវអនុវត្តក្នុងរយៈពេលប្រាំឆ្នាំ គិតចាប់ពីឆ្នាំ២០១៨ តទៅនៅក្នុងខេត្តក្រុងទូទាំងប្រទេស។ គ្រូបង្រៀនដែលត្រូវទទួលបន្ទុកសរសេរប្រវត្តិភូមិ ត្រូ​វជ្រើសរើសចេញពីបញ្ជីឈ្មោះគ្រូបង្គោលថ្នាក់ខេត្ត ដែលធ្លាប់បានទទួលការបណ្តុះបណ្តាលពីមជ្ឈមណ្ឌលឯកសារកម្ពុជា សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដោយផ្អែកលើចំណង់ចំណូលចិត្ត និងការស្ម័គ្រចិត្តរបស់លោកគ្រូ-អ្នកគ្រូ ក្នុងការសរសេរប្រវត្តិសាស្ត្រខ្លួនឯង។ ចំពោះលទ្ធផលដែលបានមកពីការសរសេរទាំងនេះ និងត្រូវធ្វើការបោះពុម្ព រួចប្រគល់ទៅឲ្យលោកគ្រូ-អ្នកគ្រួវិញ ដើម្បីធ្វើជាសម្ភារឧបទ្ទេសប្រើប្រាស់ផ្ទាល់ខ្លួន និងបង្រៀនសិស្សានុសិស្សឲ្យស្វែងយល់ពីសាច់រឿងពីអតីតកាល ក្នុងភូមិកំណើតរបស់ខ្លួន។

លោក ផេង ពង្សរ៉ាស៊ី បានបន្តថា បន្ទាប់ពីមានការជ្រើសរើសគ្រូបង្រៀនឲ្យចូលរួមក្នុងដំណើរការនៃការសរសេរប្រវត្តិភូមិមក វគ្គបណ្តុះបណ្តាលរយៈពេលខ្លីមួយ នឹងត្រូវរៀបចំធ្វើឡើងសម្រាប់គ្រូទាំងនោះ ដើម្បីផ្តល់ចំណេះដឹង និងជំនាញពីវិធីសាស្ត្រក្នុងការធ្វើការស្រាវជ្រាវ។ កិច្ចការនេះ គឺជាបន្ទុករបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ក្នុងការបណ្តុះបណ្តាលគ្រូបង្រៀនឲ្យមានជំនាញស្រាវជ្រាវដូចជា វិធីសាស្ត្រស្រាវជ្រាវ បង្កើតកម្រងសំណួរស្រាវជ្រាវ វិធីសាស្រ្តធ្វើបទសម្ភាស ដំណើរការនៃការសរសេរ និងចំណេះដឹងផ្សេងៗទៀត ដែលនឹងអាចនាំលោកគ្រូ-អ្នកគ្រូទៅកាន់គោលដៅ និងទទួលបានលទ្ធផលល្អ។​ ចំពោះកិច្ចការទាំងនេះ នឹងមិនអនុញ្ញាតិឲ្យធ្វើកិច្ចការស្រាវជ្រាវ ឬធ្វើបទសម្ភាសនៅក្នុងម៉ោងបង្រៀនសិស្សនៅក្នុងសាលាចំណេះទូទៅឡើយ។ ប៉ុន្តែ គ្រូត្រូវបានលើកទឹកចិត្តឲ្យធ្វើការងារនេះ នៅក្នុងពេលវិស្សមកាលរយៈពេលខ្លី (នៅខែមេសា) និងវិស្សមកាលរយៈពេលវែង (ចាប់ពីខែសីហាដល់ខែតុលា) នៃឆ្នាំសិក្សានីមួយៗ។ គ្រូបង្រៀនដែលជាអ្នកស្រាវជ្រាវ ត្រូវកំណត់ម៉ោងពេលសម្រាប់ធ្វើការស្រាវជ្រាវ និងការសរសេរសំណេររបស់ខ្លួនឲ្យបានច្បាស់លាស់ ដោយយោងតាមរយៈពេលនៃវិស្សមកាលនីមួយៗ។

បន្ទាប់ពីការធ្វើបទបង្ហាញរបស់លោក ផេង​ ពង្សរ៉ាស៊ី មក លោកគ្រូ-អ្នកគ្រូ បានសួរសំណួរទាក់ទងទៅនឹងប្រធានបទដែលគាត់ត្រូវចុះធ្វើការស្រាវជ្រាវនៅតាមភូមិរៀងៗខ្លួន។ ដើម្បីឲ្យកិច្ចការចុះសិក្សាស្រាវជ្រាវ និងការសរសេរអត្ថបទប្រវត្តិភូមិបានចំគោលដៅដែលមជ្ឈមណ្ឌលឯកសារកម្ពុជាចង់បាន លោកគ្រូ-អ្នកគ្រូ បានបង្កើតជាប្រធានបទម្នាក់មួយប្រធានបទៗ ដែលប្រធានបទទាំងនោះរួមមាន៖  ប្រវត្តិសាស្រ្តរបស់សាលាទេពប្រណម្យ,ភូមិរបស់យើង គឺភូមិព្រែកអំបិល នៅក្នុងខេត្តតាកែវ, ពុទ្ធបដិមា ត្រូវបានខ្មែរក្រហមវាយកម្ទេចយកទៅចាក់ក្រាលធ្វើស្ពាន, ភូមិស្វាយឃ្លាំង, ភូមិប្រធាតុក្នុងសម័យខ្មែរក្រហម, រណ្តៅសាកសពនៅភូមិចារ ក្នុងខេត្តស្វាយរៀង, ទំនប់អត់បាយនៅភូមិរបស់ខ្ញុំ, ទំនប់កុមារ, ការសម្លាប់ក្នុងលក្ខណៈទ្រង់ទ្រាយធំ, ការហាមឃាត់គោរពប្រណិប័តន៍សាសនាជាដើម ។

នៅក្នុងឱកាសចូលក្នុងសិក្ខាសាលានេះ លោកគ្រូ-អ្នកគ្រូ បានបង្ហាញពីចំណាប់អារម្មណ៍ដូខខាងក្រោម ៖

– អ្នកគ្រូឈ្មោះ ហេន ស្រីនិត គ្រូបង្រៀនផ្នែកអក្សរសាស្រ្តខ្មែរនៅវិទ្យាល័យ ក្រូចឆ្មារ បានបង្ហាញពីចំណាប់អារម្មណ៍របស់គាត់ថា គាត់មានការចាប់អារម្មណ៍ខ្លាំងណាស់នៅពេលដែលគាត់បានចូលរួមវគ្គបណ្តុះបណ្តាល “ការ​ចងក្រង ស្រាវជ្រាវ ប្រវត្តិសាស្ត្រភូមិ”។ ការណ៍ដែលគាត់បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលកិច្ចការស្រាវជ្រាវនេះ គាត់នឹងទទួលបាននូវបទពិសោធថ្មីៗ ក៏ដូចជា​វិធីសាស្រ្តក្នុងការស្រាវជ្រាវ ដែលកាលពីមុខមក គាត់ធ្លាប់បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលផ្សេងៗដែរ​ ប៉ុន្តែមិនសូវចាប់អារម្មណ៍ខ្លាំងដូចពេលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនៅពេលនេះទេ។ អ្នកគ្រួបានបន្តថា វគ្គបណ្តុះបណ្តាលនេះ ពិតជាបានផ្តល់ផលប្រយោជន៍ច្រើនដល់ការបង្រៀនរបស់គាត់។ គាត់នឹងធ្វើការផ្សព្វផ្សាយពីប្រវតិ្តភូមិដល់សិស្សានុសិស្ស និងសហគមន៍ ដើម្បីបង្កើនចំណេះដឹងដែលមានស្រាប់ និងពង្រឹងសមត្ថភាពបន្ថែម។ មិនត្រឹមតែប៉ុណ្ណោះ គាត់នឹងបានទទួលចំណេះដឹងពីវិធីសាស្ត្រការស្រាវជ្រាវប្រវត្តិភូមិបានមួយកម្រិតថែមទៀត។

– លោកគ្រូ សម វិចិត្រ ជាគ្រូបង្រៀនមុខវិជ្ជាប្រវត្តិវិទ្យានៃវិទ្យាល័យ ហ៊ុន​ សែន ស្អាង បានឲ្យដឹងថា ការចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ នឹងធ្វើឲ្យសិក្ខាកាមទាំងអស់ ទទួលបាននូវបទពិសោធថ្មីៗ ក្នុងការសរសេរប្រវត្តិសាស្រ្តភូមិរបស់ខ្លួនផ្ទាល់ទុកជាឯកសារ។ សិក្ខាកាមទាំងអស់ អាចចែករំលែកនូវបទពិសោធឲ្យគ្នាទៅវិញទៅមក និងមានការចងចាំអំពីប្រវត្តិសាស្ត្រភូមិរបស់ខ្លួនបានយូរអង្វែង។ លោកគ្រូបានបន្តថា ការស្រាវជ្រាវប្រវត្តិសាស្ត្រភូមិ ផ្តល់ប្រយោជន៍ច្រើនដល់គាត់ដូចជា ធ្វើជាឯកសារយោងនៅក្នុងការបង្រៀន ដែលជាប់ពាក់ព័ន្ធកម្មវិធីសិក្សារបស់ក្រសួង ហើយគាត់អាចយកបទពិសោធដែលគាត់ទទួលបាន ទៅធ្វើបទបង្ហាញដល់សិស្ស ដើម្បីឲ្យសិស្សបានយល់កាន់តែច្បាស់អំពីប្រវត្តិសាស្ត្រភូមិរបស់ខ្លួន។

– លោកគ្រូប្រវត្តិវិទ្យា មកពីវិទ្យាល័យ​ ហ៊ុន សែន កំពង់កន្ទួត ឈ្មោះ ឃឹម ស្រស់ បានប្រាប់ឲ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ ជាជំនាញថ្មីមួយសម្រាប់គាត់។ វគ្គបណ្តុះបណ្តាលនេះ ពិតជាមានសារសំខាន់ណាស់ ព្រោះផ្តល់ឱកាសឲ្យគាត់បានចុះធ្វើការសិក្សាស្រាវជ្រាវ ពីទីតាំងមួយជាក់លាក់។ លោកគ្រូបានបន្ថែមថា ការស្រាវជ្រាវប្រវត្តិសាស្រ្តភូមិ ផ្តល់ផលប្រយោជន៍ច្រើនសម្រាប់ការបង្រៀនរបស់គាត់ដូចជា ផ្តល់ចំណេះដឹងដល់សិស្សឲ្យបានដឹងពីរឿងរ៉ាវដែលបានកើតឡើងនៅក្នុងតំបន់នោះ និងទុកជាឯកសារសម្រាប់ឲ្យអ្នកសិក្សាផ្សេងៗទៀត បានស្វែងយល់ពីប្រវត្តិភូមិរបស់ខ្លួន។

– ចំណែកអ្នកគ្រូ ប្រាសាទ រស្មីពន្លឺ ជាគ្រូបង្រៀនមុខវិជ្ជាប្រវត្តិនិងភូមិវិទ្យា មកពីវិទ្យាល័យ ហ៊ុន សែន តាខ្មៅ និងអ្នកគ្រួឈ្មោះ ហុក ដានីន បង្រៀនមុខវិជ្ជាភូមិ និងប្រវត្តិវិទ្យា មកពីវិទ្យាល័យជ័យវរ្ម័នទី៧ បានឲ្យដឹងព្រមគ្នាថា  នៅពេលដែលគាត់ទាំងពីរបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ គាត់មានអារម្មណ៍ប្លែក ព្រោះជាបទពិសោធថ្មីសម្រាប់គាត់ ហើយគាត់ក៏មានការលំបាកក្នុងការស្វែងយល់ដែរ។ ប៉ុន្តែ អ្នកគ្រូបានបន្ថែមថា វគ្គបណ្តុះបណ្តាលនេះ បានផ្តល់ផលប្រយោជន៍ច្រើនដល់គាត់ ក្នុងការអភិវឌ្ឍជំនាញស្រាវជ្រាវ និងការសរសេរប្រវត្តិភូមិ ហើយថែមទាំងបានពង្រឹងបន្ថែមលើចំណេះដឹងមូលដ្ឋានដែលធ្លាប់បានទទួលពីមុខមក និងអាចចងក្រងឯកសារស្រាវជ្រាវជាសម្ភារឧបទេសជំនួយដល់ការបង្រៀនសិស្សនៅក្នុងថ្នាក់រៀន។

បន្ទាប់ពីចប់វគ្គបណ្តុះបណ្តាលស្តីពី  “ការចងក្រង ស្រាវជ្រាវប្រវត្តិសាស្ត្រភូមិ” រយៈពេលបីថ្ងៃនេះ មជ្ឈមណ្ឌលឯកសារកម្ពុជានឹងធ្វើការទាក់ទងលោកគ្រូ-អ្នកគ្រូ ដើម្បីសួរព័ត៌មានពីគម្រោងសរសេររបស់គាត់ រួចហើយមជ្ឈមណ្ឌលឯកសារកម្ពុជា នឹងអញ្ជើញលោកគ្រូ-អ្នកគ្រួទាំងអស់មកមជ្ឈមណ្ឌលឯកសារកម្ពុជានៅភ្នំពេញម្តងទៀត ដើម្បីពិភាក្សា​ ទៅលើប្រធានបទរបស់គាត់ម្នាក់ៗ។ បន្ទាប់មកទៀត មជ្ឈមណ្ឌលឯកសារកម្ពុជានឹងចុះទៅទីតាំងដែលលោកគ្រូ-អ្នកគ្រូរស់នៅផ្ទាល់ ដើម្បីពិនិត្យលើគម្រោងស្រាវជ្រាវរបស់គាត់។ ជាចុងក្រោយ មជ្ឈមណ្ឌលឯកសារកម្ពុជា នឹងធ្វើការប្រមូលលទ្ធផលដែលលោកគ្រូ-អ្នកគ្រូបានសរសេរមកកែសម្រួលឃ្លោងឃ្លា និងអក្ខរាវិរុទ្ធ ព្រមទាំងបកប្រែអត្ថបទទាំងអស់ទៅជាភាសាអង់គ្លេស រួចធ្វើការបោះពុម្ពផ្សាយជាភាសាខ្មែរ និងភាសាអង់គ្លេស។

ឆេង វ៉េង និង មីន សាណាស់