មាតិកា

អ៊ុយ ប៉េងឡេង នាទីជំនួយការវរសេនាធំ៣៣ កងពល៧០៣

អ៊ុយ ប៉េងឡេង ភេទប្រុស មានស្រុកកំណើតនៅភូមិថ្មី ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្តាល។ គាត់មានឪពុកឈ្មោះ អ៊ុយ សយ និងម្តាយឈ្មោះ អៀង ទៀង។

អ៊ុយ ប៉េងឡេង ភេទប្រុស មានស្រុកកំណើតនៅភូមិថ្មី ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្តាល។ គាត់មានឪពុកឈ្មោះ អ៊ុយ សយ និងម្តាយឈ្មោះ អៀង ទៀង។ ប៉េងឡេង បានចូលបដិវត្តន៍នៅខែឧសភា ឆ្នាំ១៩៧០។ សេចក្តីកំណត់ហេតុអំពីប្រវត្តរបស់ អ៊ុយ ប៉េងឡេង មានចំនួនសរុប៨២ទំព័រ ព្រមទាំងមានស្នាមផ្តិតមេដៃសាម៉ីខ្លួន ដែលបានរៀប រាប់អំពីសកម្មភាពប្រឆាំងបក្សកុម្មុយនីស្តកម្ពុជាចាប់តាំងពីឆ្នាំ១៩៧០ រហូតដល់ថ្ងៃអង្គការ ចាប់ខ្លួន​បាននៅថ្ងៃទី២៧ ខែសីហា​ ឆ្នាំ១៩៧៧។

គ្រែសម្រាប់ឲ្យអ្នកទោសដេកនៅក្នុងបន្ទប់ឃុំឃាំងនៃមន្ទីរសន្តិសុខស-២១ ហើយដើម្បីការពារអ្នកទោសដែលមានបំណងលួចរត់គេចខ្លួន ឆ្មាំគុកបានដាក់ខ្នោះជើងអ្នកទោសភ្ជាប់ទៅគ្រែថែមទៀត។ រូបថត៖ សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង
ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

សេចក្តីសង្ខេបដែលដកស្រង់ចេញពីចមើ្លយសារភាពរបស់ អ៊ុយ ប៉េងឡេង មានដូច​ខាងក្រោម៖

អ៊ុយ ប៉េងឡេង​ បានចូលបដិវត្តន៍ដំបូងមាននាទីជាកងឈ្លប នៅឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល។ កន្លះខែក្រោយមក ប៉េងឡេង បានផ្លាស់ទៅធ្វើជាឈ្លបស្រុក១៨ ក្រោម ការដឹកនាំរបស់ជនជាតិយួន​ម្នាក់ឈ្មោះ វ៉ាង អាង។ ប៉េងឡេង បានធ្វើការនៅទីនោះ ប្រហែលពីរខែ វ៉ាង អាង បានណែនាំគាត់ឲ្យរៀនអក្សរយួន និងនិយាយភាសាយួន ម្យ៉ាងទៀតត្រូវដឹងគុណបំណាច់ចំពោះជនជាតិយួនដែលបានជួយរំដោះទឹកដីកម្ពុជា។ ក្រោយមក ប៉េងឡេង អាចប្រើប្រាស់ភាសាយួនបានបន្តិចបន្តួច។ បន្ទាប់មក​ ចាន់ ស៊ីថន ជាគណៈស្រុកកោះធំ បានហៅ ប៉េងឡេង ឲ្យទៅរៀនបច្ចេកទេសនៅវត្តព្រែកឬស្សី ក្នុង ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល។ ប៉េងឡេង បានបញ្ជាក់ថា កាលរៀននៅ សាលាបច្ចេកទេស មានសិស្សចូលរួមប្រហែល៥០នាក់។ អ្នកដែលបង្ហាត់បង្រៀន កាល នោះ គឺជាជនជាតិយួនមានឈ្មោះ សៅ ភាង។ ចំពោះវគ្គសិក្សាមានរយៈពេលជិត មួយខែ។

ក្រោយពេលបញ្ចប់វគ្គសិក្សា ប៉េងឡេង បានឃើញ ចាន់ ស៊ីថន ចងទង់សញ្ញា ញញួរ​ និងកណ្តៀវ ដែលមានពណ៌ក្រហមទៀតផង។ ក្រោយមក ចាន់ ស៊ីថន បាន ប្រកាសបិទវគ្គសិក្សា រួចហើយគាត់បានឲ្យ ប៉េងឡេង និងសិស្សទាំងអស់នោះ ធ្វើ សច្ចាប្រណិធានចំពោះទង់ពលករវៀតណាម។ ចាន់ ស៊ីថន ជាអ្នកសូត្រមុន រីឯអ្នកទាំង អស់នោះជាអ្នកសូត្រតាមក្រោយ ដោយប្រើពាក្យថា ប្តេជ្ញា ស្មោះត្រង់ចំពោះទង់បក្សពល ករវៀតណាម គោរពស្រឡាញ់ និងសាមគ្គីភាពជាមួយជនជាតិវៀតណាម ដែលបាន រំដោះនូវទឹកដីកម្ពុជា។ រហូតដល់ខែវិច្ឆិកា ឆ្នាំ១៩៧០ ជនជាតិវៀតណាម-ខ្មែរ បានបែក​បាក់សាមគ្គីភាពគ្នា។ ក្រោយពីការបែកបាក់ វ៉ាង អាង ជាអ្នកដឹកនាំក្នុងអង្គភាពឈ្លប បានណែនាំថា​​ តំបន់២៥ គឺជាតំបន់ សេអ៊ីអា ឬជាតំបន់របស់បក្ខពួក លន់ នល់។ បក្ស លន់ នល់​ បានបង្កើតតំបន់នេះឡើង គឺដើម្បីជិះជាន់ប្រជាជនដណ្តើមដីរំដោះ។ ពេលនោះ វ៉ាង អាង បានណែនាំបន្ថែមថា​ យើងត្រូវរៀបចំផែនការកម្ទេចតំបន់២៥ ចោល។ មួយរយៈ ក្រោយមក បងរបស់ ប៉េងឡេង បានមកយក ប៉េងឡេង ឲ្យទៅនៅផ្ទះវិញ រហូត ដល់ខែកុម្ភៈ ឆ្នាំ១៩៧១ ប៉េងឡេង ក៏បានចូលបដិវត្តន៍ម្តងទៀត នៅក្នុងកងទ័ពតំបន់២៥ កងអនុសេនាធំគ២។

ក្រោយពេលចូលបដិវត្តន៍ ប៉េងឡេង បានទទួលភារកិច្ចខាងសេដ្ឋ កិច្ច។ កន្លះខែក្រោយមកអង្គភាពអនុសេនាធំគ២នេះក៏បានរំសាយ រួចរៀបចំជាបីអនុ សេនាធំ ពេលនោះ ប៉េងឡេង បានមករស់នៅក្នុងសេដ្ឋកិច្ចរួមតំប​ន់ ក្រោមការដឹកនាំរបស់​ សុខ។ ក្រោយមក សុខ បានហៅ ប៉េងឡេង និងអ្នកផ្សេង១៤នាក់ទៀត​ ដើម្បី​ធ្វើការ​ណែនាំមានដូចជា៖ លើកអំពីបញ្ហារបស់បក្សសឺនសាន​​ថាក្រុមនេះគឺ សុទ្ធតែល្មោភ​បុណ្យស័ក ឬចង់ដណ្តើមរដ្ឋអំណាចនៅតំបន់ ម្យ៉ាងទៀតត្រូវធ្វើបដវត្តន៍ ដើម្បីបុណ្យស័ក ប្រាក់ខែ ឬសិទ្ធិសេរីភាពចំពោះខ្លួន និងត្រូវជួយលើកឥទ្ធិពលចំពោះ សុខ ផ្ទាល់ ដើម្បី​ឲ្យអ្នកដទៃឃើញគាត់ជាមនុស្សល្អត្រឹមត្រូវនៅក្នុងតំបន់។​ បន្ទាប់មក ប៉េងឡេង បាន​ធ្វើសកម្មភាពជាក់ស្តែងនៅក្នុងឃុំកំពង់ស្វាយលើ ដោយធ្វើការឃោសនាអំពីឥទ្ធិពល របស់​ សុខ និងបំបាត់នូវឥទ្ធិពលក្រុមដែលមកពីហាណូយ ជាពិសេស​ សូ ពុំ និង សឺន សាន។ លុះត្រាតែប្រជាជនមានភាពកក់ក្តៅទៅលើ​ សុខ រួចហើយ ប៉េងឡេង នឹងផ្អាក ធ្វើសកម្មភាពនេះ។ នៅខែឧសភា ឆ្នាំ១៩៧១ សុង លី បានយក ប៉េងឡេង មកធ្វើសេដ្ឋកិច្ច នៅកងអនុសេនាធំគ១៩៥ ( សុង លី គឺជាសមាជិកម្នាក់ ក្នុងចំណោមអ្នកទាំង១៤នាក់ ខាងលើ ដែលត្រូវបាន សុខ ហៅមកណែនាំ)។ ក្រោយមក សុង លី បានណែនាំ ប៉េងឡេង ជាបន្តបន្ទាប់ រីឯ ប៉េងឡេង ផ្ទាល់ បានធ្វើសកម្មភាពបបួលប្រជាជននៅភូមិត្រែង ស្រុក ស្អាង រាំច្រៀងសប្បាយ​ធ្វើឲ្យប្រជាជនទាំងនោះមិនគិតពីបញ្ហាអ្វីទាល់តែសោះ។

ឯសកម្ម ភាពម្យ៉ាងទៀតរបស់ ប៉េង ឡេង គឺបានលួចកិបកេងប្រាក់ខែរបស់យុទ្ធជន ឬកម្មាភិបាល ប្រចាំខែ ដោយយកទៅទិញនំចំណីសម្រាប់បុគ្គលផ្ទាល់ខ្លួន។ មកដល់ខែមិថុនា ក្នុងឆ្នាំ ១៩៧១ដដែល សុង​ លី បានឃើញសកម្មភាពរបស់ ប៉េងឡេង មមាញឹក និងធ្វើបានល្អ ជាបន្តបន្ទាប់ ពេលនោះ គាត់បានចាត់តាំង ប៉េងឡេង ធ្វើជាសមាជិក ស៊ីអាយអេ។ បន្ទាប់មក សុង លី បានធ្វើការណែនាំ ប៉េងឡេង អំពីភារកិច្ចរបស់ ស៊ីអាយអេ មានដូចជា ត្រូវបង្កប់ ស៊ីរូងផ្ទៃក្នុងបដិវត្តន៍ តាមរូបភាពផ្សេងៗដោយស្របច្បាប់របស់បដិវត្តន៍  ម្យ៉ាង ទៀតកសាងកម្លាំង ស៊ីអាយអេ នៅក្នុងជួរបដិវត្តន៍ ដើម្បីពង្រីកកម្លាំងនេះ សម្រាប់ត្រៀម វាយបដិវត្តន៍ នាពេលខាងមុខ និងត្រូវបំផុសយុទ្ធជន ឬកម្មាភិបាលឲ្យចេះសប្បាយ ភ្លើតភ្លើនពីមុខមាត់ បុណ្យស័ក និងបំផ្លិចបំផ្លាញផលប្រយោជន៍បដិវត្តន៍។​ ក្រោយពីទទួល ការណែនាំរួចហើយ ប៉េងឡេង បានធ្វើសកម្មភាពទាំងនោះ ជាបន្តបន្ទាប់ រហូតដល់ ខែសីហា ក្នុងឆ្នាំដដែល អង្គភាពអនុសេនាធំគ១៩៥ បានផ្លាស់មកនៅប្រចាំការ ដើម្បីទប់ ទល់ជាមួយខ្មាំង ដែល មាន​ទីតាំងនៅម្តុំស្រុកស្អាង។ ពេលនោះ ប៉េងឡេង បានធ្វើ សកម្មភាពធ្វើឲ្យបាត់លុយកាក់របស់អង្គការ​ ដោយភូតកុហក់ថា លុយបានធ្លាក់ចូល ទៅក្នុងទឹក។ អំឡុងពេលនោះ ប៉េងឡេង បានកសាងកម្លាំង សេអ៊ីអា ពីរនាក់បន្ថែមទៀត ១) ឈ្មោះ សឺម ម៉ាន (នៅក្នុង ស-២១) ២) ឈ្មោះ រដ្ឋ (អង្គការកម្ទេចចោលនៅមូលដ្ឋាន ២៥)។ បន្ទាប់មក ប៉េងឡេង បានណែនាំ អ្នកទាំងពីរឲ្យធ្វើសកម្មភាព គឺត្រូវចូលទៅបង្កប់ ខ្លួននៅក្នុងជួរបដិវត្តន៍ និងត្រូវ​កសាង កម្លាំងថ្មីបន្ថែមទៀត។

នៅឆ្នាំ១៩៧២ អង្គការបានដកអង្គភាពអនុសេនាធំ១៩៥ ចេញពីតំបន់ ហើយបាន​បញ្ចូលទៅក្នុងអង្គភាពវរសេនាតូច១១២ ប្រចាំភូមិភាគពិសេសនៅខាងត្បូងភ្នំពេញ។ នៅ ខែមករា ក្នុងឆ្នាំដដែល ប៉េងឡេង បានធ្វើសកម្មភាពធ្វើឲ្យខូចអង្ករអស់៩បាវ ដោយធ្វើឲ្យ លេចទឹកខូច បណ្តាលឲ្យខ្វះស្បៀងដល់កងទ័ព។ សកម្មភាពនេះ ប៉េងឡេង ធ្វើចាប់តាំង ពីខែ​មករា ដល់ខែមេសា រហូតដល់ ប៉េងឡេង ធ្លាក់ខ្លួនឈឺ។ បន្ទាប់មក ប៉េងឡេង បានសម្រាកនៅមន្ទីរពេទ្យកំពង់គ។ ខណៈនោះ ប៉េងឡេង បានធ្វើសកម្មភាព ជេរប្រមាថ ពេទ្យសព្វគ្រប់បែបយ៉ាង និងបានរិះគន់អំពីបញ្ហាហូបចុក មិនព្រមគោរពវិន័យពេទ្យ ធ្វើឲ្យ មានទំនាស់នៅក្នុងមន្ទីរពេទ្យ ដើម្បីឲ្យមានភាពស្មុគ្រស្មាញ ឲ្យអង្គការពិបាកដោះស្រាយ ។ មួយរយៈក្រោយមក ប៉េងឡេង បានវិលត្រឡប់មកអង្គភាពវិញ រួចអង្គការបានស្នើ សុំកងកម្លាំងនៅក្នុងអង្គភាពអនុសេនាធំ១៩៥ ប្រាំពីរនាក់ដើម្បីឲ្យទៅរៀនស៊ើបការ ក្នុងនោះ មាន ប៉េងឡេង ម្នាក់ដែរ។ មុននឹងទៅរៀនសូត្រ​ សុង លី បានណែនាំអ្នកទាំង ប្រាំពីរ នាក់នោះថា ត្រូវបង្ករទំនាស់ជាមួយអ្នកដែលទៅចូលរៀនជាមួយគ្នា បំផុសឥទ្ធិពល របស់ សុខ ដើម្បីឲ្យសិក្ខាកាមទាំងអស់នៅក្នុងសាលាបានដឹង និងបំផុសអំពីបញ្ហាមុខមាត់ បុណ្យ ស័កនៅក្នុងសាលា។ ក្រោយមក ប៉េងឡេង និងបក្ខពួកបានទៅរៀនបច្ចេកទេស ស៊ើបការនេះ ដែលមានទីតាំងស្ថិតនៅខាងត្បូងវត្តខ្ពប ឃុំខ្ពប ស្រុកស្អាង។ ក្រោយពីបាន ទៅដល់កន្លែងសិក្សារួចមក ប៉េងឡេង និងបក្ខពួកបានធ្វើសកម្មភាពដូចដែល សុង លី​​ បានរៀបរាប់ខាងលើ ប៉ុន្តែសិក្ខាកាមទាំងអស់មិនសូវខ្វល់ពីការបំផុសរបស់ ប៉េងឡេង​ និង បក្ខពួកឡើយ ដោយអ្នកទាំងនោះយល់ថា ឈ្មោះ សុខ នេះ ពួកគេធ្លាប់ស្គាល់ធាតុពិត រួចមកហើយ។

ទន្ទឹមនេះ ប៉េងឡេង និងសមាជិកក្រុមបានធ្វើសកម្មភាពបង្ករទំនាស់ ធ្វើឲ្យ បែកបាក់សាមគ្គីភាព ដោយលើកហេតុផលថា អង្គភាពនេះមិនល្អ អង្គភាពនោះមិនល្អ រួចលើកអង្គភាពរបស់ខ្លួន ដាក់អង្គភាពដទៃ ធ្វើឲ្យគណៈសាលាពិបាកដោះស្រាយ។ ​ក្រោយពេល ប៉េងឡេង បញ្ចប់វគ្គសិក្សារយៈពេលជិតពីរខែ រហូតដល់ចុងខែមិថុនា ក្នុងឆ្នាំ១៩៧២ អង្គការបានបិទសាលារៀនបច្ចេកទេសស៊ើបការតំបន់២៥នេះ រួចអង្គការ​បានបើកសមរភូមិ ខាងកើតទន្លេបាសាក់ សមរភូមិប៉ារ៉ែន ព្រែកតាជ័រ ព្រែកតានុក និង​សមរភូមិព្រែកតាតិន។ ចំពោះសកម្មភាពរបស់ ប៉េងឡេង វិញ នៅក្នុងសមរភូមិអង្គការ​បាន ចាត់ តាំងគាត់ឲ្យយក មីនទៅផ្តាច់របងនៅសមរភូមិព្រែកតាជ័រ។ ប៉ុន្តែ កាលនោះ ប៉េងឡេង បានធ្វើឲ្យមីនមិនផ្ទុះ រីឯរបងក៏មិនដាច់ បណ្តាលឲ្យកងទ័ពសម្រុកចូលមិនដល់​ទីតាំង ហើយផែនការរបស់អង្គការក៏ត្រូវបានបរាជ័យ។ បន្ទាប់ពីធ្វើសកម្មភាពនេះរួចមក ប៉េងឡេង បានជួប សុង លី ហើយបានពិភាក្សាគ្នាអំពីបញ្ហាផ្ទៃក្នុង និងរៀបចំផែនការខ្លះៗ ដើម្បីប្រឆាំងនឹងបដិវត្តន៍បន្តទៅទៀត។ មួយរយៈក្រោយមក ប៉េងឡេង បានឮដំណឹងថា សុង លី បានស្លាប់ ចំពោះខ្សែរយៈរវាង ប៉េងឡេង និង សុង លី ក៏ត្រូវបានដាច់ចាប់ តាំងពីពេលនោះមក។ រីឯអង្គភាពស៊ើបការវិញ​ ក៏ត្រូវបានបញ្ឈប់ឲ្យធ្វើសកម្មភាពនៅ ខាងកើតទន្លេបាសាក់ ​រួចផ្លាស់មកនៅក្នុងតំបន់១៥វិញ។​ ចំពោះការមករស់នៅក្នុងតំបន់ ១៥ ប៉េងឡេង បានធ្វើការខាងក្រោយឈូងលាប នៅត្រើយខាងលិច​ទន្លេបាសាក់។ ពេលនោះ ប៉េងឡេង បាន បន្តសកម្មភាព ធ្វើឲ្យការជម្លៀសប្រជាជនរបស់អង្គការមានការ យឺតយ៉ាវ ដោយភូតកុហក់ថា នៅម្តុំឈូងលាបមានខ្មាំង និងទាហានជាច្រើនដែលធ្វើឲ្យ ការជម្លៀសប្រជាជនមានការលំបាក។ រហូតដល់ខែមីនាឆ្នាំ១៩៧៣ អង្គការមានផែនការ វាយនៅថ្នល់ជាតិ២១ ពេលនោះ ប៉េងឡេង​ បានជួប​ជាមួយឈ្មោះ ពិសេស ផល់។

បន្ទាប់មក ផល់ បានណែនាំ ប៉េងឡេង អំពីភារកិច្ចដែលត្រូវធ្វើ នៅពេលដែលអង្គការ ចាប់ផ្តើមវាយនៅផ្លូវជាតិ២១ គឺត្រូវឲ្យគាត់ទៅទាក់ទងជាមួយ នី (អនុលេខាវរសេនាតូច ៧០៦ ក្នុងកងពល៧០៣) និង ភា (វរសេនាតូច៧០៥ ក្នុងកងពល ៧០៣)។ ចំពោះ​ការទាក់ ទងរវាងអ្នកទាំងពីរនេះ គឺដើម្បីឲ្យការវាយសម្រុករបស់អង្គការ ប្រព្រឹត្តិទៅមិន​បាន សម្រេច។ បន្ទាប់មក ប៉េងឡេង, នី និង ភា បានធ្វើសកម្មភាពនេះរហូតមកដល់​ខែមិថុនា ឆ្នាំ១៩៧៣ដដែល។ អំឡុងពេលនោះ អង្គការបានបញ្ឈប់ការវាយនៅផ្លូវជាតិ២១ រួចបានផ្លាស់មកវាយនៅផ្លូវជាតិលេខ២ នៅសមរភូមិស្ពានរលួយ។​​ ពេលនោះ ប៉េងឡេង បានធ្វើសកម្មភាពដោយត្រួតពិនិត្យមើលទីតាំងដែលត្រូវវាយ រួចប្រាប់អង្គការថាមើលមិន ច្បាស់ នាំឲ្យកងទ័ពវាយសម្រុកចូលទៅ បណ្តាលឲ្យកងទ័ពស្លាប់ជាច្រើន។  រហូតដល់​ខែ កក្កដា ឆ្នាំ១៩៧៤ ប៉េងឡេង បានជួបជាមួយឈ្មោះ សឿន។ ពេលនោះ សឿន បាន និយាយណែនាំ ប៉េងឡេង ថា ត្រូវបង្កប់ខ្លួនបន្តទៀត ដើម្បីស៊ីរូងផ្ទៃក្នុងរបស់បដិវត្តន៍ ឲ្យកាន់តែស៊ីជម្រៅ និងត្រូវខិតខំកសាងខ្លួនឲ្យបដិវត្តន៍ជឿទុកចិត្ត។

ពាក់កណ្តាល ខែកក្កដា អង្គការបានចាត់តាំង ប៉េងឡេង និង សឿន ឲ្យទៅរៀនខាងផ្នែកនយោបាយ ដែលមានរយៈពេលមួយខែ។ ក្រោយពេលបញ្ចប់វគ្គសិក្សាខ្លីមួយនេះ អង្គការបានប្រគល់ ភារកិច្ចឲ្យ ប៉េងឡេង យកកាំជ្រួច១០៧ទៅបាញ់ទម្លាក់នៅម្តុំពោធ៌ិចិនតុង នៅវត្ត​ពុទ្ធនិព្វាន ក្នុងតំបន់១៥។ ក្រោយពេល ប៉េងឡេង ធ្វើសកម្មភាព នេះរួចមកអង្គការ បានហៅ​គាត់​មកអង្គភាពនៅទន្លេបាសាក់វិញ។ ​នៅពេលដែលគាត់ត្រឡប់មកដល់ អង្គភាព អង្គការបានចាត់តាំងគាត់​ឲ្យទៅពិនិត្យមើលនៅសមរភូមិម្តុំ ទួលសុភី ដើម្បីរៀបផែនការ​វាយកម្ទេចទីតាំងនោះ។ រីឯ ប៉េងឡេង វិញនៅតែ បន្តកុហក់អង្គការដូចកាលមុនៗ ដោយ​ពិនិត្យ​​មើលមិនច្បាស់ ធ្វើឲ្យវាយសម្រុកមិនបានសម្រេច។ រហូតដល់ឆ្នាំ១៩៧៥ ប៉េងឡេង បានកសាងកម្លាំងថ្មីបានពីរនាក់ទៀត ឈ្មោះ វ៉ាង (ស-២១) និង ភន (ស-២១) រួចគាត់បានបញ្ចូលអ្នកទាំងពីរជាសមាជិក សេអ៊ីអា។ បន្ទាប់មក ប៉េងឡេង បានណែនាំ អ្នកទាំងពីរអំពីគោលជំហររបស់ សេអ៊ីអា គឺត្រូវស៊ីរូងផ្ទៃក្នុងបដិវត្តន៍ កសាងកម្លាំងនៅក្នុង ជួរបដិវត្តន៍ វាយបដិវត្តន៍នៅពេលបក្ខពួកគេមិនដឹងខ្លួន និងធ្វើសកម្មភាពបំផ្លិចបំផ្លាញ បដិវត្តន៍។​ ដល់ខែមីនា​ ឆ្នាំដដែល អង្គការបានចាត់តាំង ប៉េងឡេង​ ឲ្យទៅជួយធ្វើការ នៅក្នុងអនុសេនាធំមួយទៀត ក្នុងអង្គភាពវរសេនាតូចដដែល។

ប៉េងឡេង បានធ្វើការនៅក្នុងអង្គភាពនោះបានមួយរយៈ អង្គការក៏ចាត់តាំងគាត់ មកនៅអង្គភាពចាស់វិញ។ ដោយ ពេលនោះ អង្គការបានប្រគល់ភារកិច្ចថ្មីមួយទៀតនៅផ្លូវជាតិលេខ២។ បន្ទាប់មក ប៉េងឡេង បានចុះត្រួតពិនិត្យមើលសកម្មភាពខ្មាំងអស់រយៈពេលកន្លះខែ រួចហើយរាយ ការណ៍ទៅអង្គការ។ ពេលនោះ អង្គការចាប់ផ្តើមវាយរំដោះទីក្រុងភ្នំពេញ រហូតដល់ខ្មែរ ក្រហមទទួលបានជ័យជម្នះនៅថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥។ អំឡុងពេលនោះ ប៉េងឡេង បានត្រូវរបួសហើយបានសម្រាកនៅពេទ្យព្រែកថ្មី ក្នុងភូមិភាគពិសេស​អស់រយៈពេលមួយ ខែ។ ពេលនោះ ប៉េងឡេង បានជួបជាមួយ ផល់ ហើយបានពិភាក្សាគ្នាអំពីបញ្ហា ផ្ទៃក្នុងខ្លះៗ ទន្ទឹមនេះ ផល់ បានរាយការណ៍ប្រាប់ ប៉េងឡេង ថា បច្ចុប្បន្ន សុខ មានផែន ការធ្វើបាតុកម្មក្នុងខែកក្កដា ឆ្នាំ១៩៧៥នេះ ដោយមានផែនការដណ្តើមរដ្ឋអំណាចនៅ ទីក្រុងភ្នំពេញ ដែលត្រូវប្រើកម្លាំងមូលដ្ឋានតំបន់២៥ គឺកម្លាំងរបស់ សុខ ដែលនៅ ភូមិភាគពិសេស ម្យ៉ាងទៀត គាត់បានបញ្ជាក់ប្រាប់ថា ប្រសិនបើ ប៉េងឡេង មានកម្លាំង ប៉ុន្មានគឺគាត់ស្នើសុំឲ្យរៀបត្រៀម ដើម្បីគាំទ្របាតុកម្មខាងមុខនេះ។ មួយរយៈក្រោយមក ប៉េងឡេង បានចេញពីមន្ទីរពេទ្យ មិនបានប៉ុន្មានថ្ងៃ ក៏ឮដំណឹងថា អង្គការមានវិធានការ ចាប់​ សុខ ដោយអង្គការស៊ើបដឹងថា សុខ ជារនុកក្នុងធ្វើការប្រឆាំងនឹងបដវត្តន៍ ចំពោះ ប៉េងឡេង វិញ ក៏បានដាច់ខ្សែរយៈជាមួយ សុខ ចាប់តាំងពីពេលនោះមក។ ដល់ខែមិថុនា ឆ្នាំ១៩៧៥ដដែល អង្គការបានចាត់តាំង ប៉េងឡេង ឲ្យមកនៅក្នុងអង្គភាពថ្មើរជើង ក្នុងកងវរសេនាតូច២៦៥ វរសេនាធំ២៧០ កងពល១២។ កាលនោះ ប៉េងឡេង បានជួប ឈ្មោះ ខាត់ នាទីលេខាវរសេនាតូច និង ឈុន នាទី វរសេនាធំ។ បន្ទាប់មក ឈុន បានបើកអង្គប្រជុំពិភាក្សាមួយ ដោយលើកអំពីភារកិច្ចដែល ត្រូវធ្វើប្រឆាំងនឹងបដិវត្តន៍ គឺត្រូវពិនិត្យមើលសភាពការរបស់បដិវត្តន៍ ឬការកសាងកម្លាំង នៅក្នុងកងទ័ព និងពិនិត្យ មើលអំពីបញ្ហាផ្សេងៗ។ ខណៈនោះ ខាត់ បានលើកឡើងថា កម្លាំងរបស់គាត់មានពីរ នាក់ទៀត ១) ឈ្មោះ ផល្លី នាទីអនុសេនាធំ នៅក្នុងកងវរសេនាតូច២៦៥ បច្ចុប្បន្ននៅ ស-២១ ២) ឈ្មោះ គីម នាទីអនុសេនាធំនៅក្នុងវរសេនាតូច​៧០៦ កងពល៧០៣។ ក្រោយពេលពិភាក្សាគ្នាចប់ ឈុន ក៏បានប្រកាសបិទអង្គប្រជុំ។

នៅចុងខែសីហា ឆ្នាំ១៩៧៥​ អង្គការបានផ្លាស់ ប៉េងឡេង ឲ្យមកនៅអង្គភាពវរសេនាតូច១៤៣ ដោយ ប្រគល់ភារកិច្ចឲ្យធ្វើស្រែនៅគោកអំពិល។ ពេលនោះ ប៉េងឡេង បានកសាងកម្លាំងថ្មី ៦នាក់បន្ថែមទៀត ១) ឈ្មោះ ប៉ូច នាទីអនុសេនាធំ បច្ចុប្បន្ននៅ​ ស-២១ ២) ជន​ នៅស-២១ ៣) លន់ នៅស-២១ និង ៤) ឆន នៅស-២១ ៥) កុយ នៅស-២១ ៦) លី នៅស-២១។ បន្ទាប់មក ប៉េងឡេង បានបញ្ចូលអ្នកទាំងអស់នោះចូលជាសមាជិក សេអ៊ីអា។ អំឡុងពេលនោះ ប៉េងឡេង បានដាក់ភារកិច្ចឲ្យអ្នកទាំងនោះធ្វើនៅក្នុង ស-២១ គឺត្រូវ ក្តាប់សភាពការនៅ ស-២១ ប្រសិនបើអង្គការមានវិធានការឃាត់ខ្លួន ចំពោះកម្លាំងក្បត់ បដិវត្តន៍ ថាតើមានអ្នកណាខ្លះ គឺត្រូវរាយការណ៍ទៅគាត់ មួយទៀតត្រូវពង្រីកកម្លាំងនៅ ក្នុងស-២១ ដើម្បីស៊ីរូងផ្ទៃក្នុងនៅស-២១ និងត្រូវបង្ករទំនាស់ក្នុងស-២១។ រហូតដល់ខែ កុម្ភៈ ឆ្នាំ១៩៧៦ មានឈ្មោះ ប៉ូច បានរាយការណ៍ទៅ ប៉េងឡេង ថា ខ្សែក្បត់ដែល អង្គការចាប់បានភាគច្រើន គឺសុទ្ធតែជាសមាជិកនៅក្នុងមូលដ្ឋានតំបន់២៥ រីឯការកសាង កម្លាំងថ្មីវិញ គឺមិនទាន់ធ្វើបាននោះទេ។ ដល់ខែមីនា ឆ្នាំដដែល មានឈ្មោះ ឆន បានរាយការណ៍ទៅ ប៉េងឡេង ដែរថា ខ្សែក្បត់ដែលអង្គការរកឃើញភាគច្រើនគឺនៅ ក្នុងកងទ័ពកង១៧០ ហើយនៅមូលដ្ឋានបូព៌ា និងនៅមូលដ្ឋានតំបន់២៥។ ម្យ៉ាងទៀត ឆន បានធ្វើសកម្មភាពបំផុសអំពីបញ្ហាមុខមាត់បុណ្យស័ក ដោយនិយាយអំនួតអួតអាងពី បុគ្គលខ្លួន វាយប្រហារដល់អ្នកដទៃ ធ្វើយ៉ាងម៉េចបង្ករទំនាស់ឲ្យបាន ដើម្បីបែកបាក់ សាមគ្គីភាពគ្នា។

រហូតមកដល់ដើមឆ្នាំ១៩៧៧ ប៉េងឡេង​ កសាងកម្លាំងថ្មីបាន ២១នាក់ថែមទៀត រីឯកម្លាំងទាំងអស់នេះ គឺកសាងសម្រាប់ត្រៀមធ្វើសកម្មភាព ក្នុងការវាយ បដិវត្តន៍នាពេលខាងមុខ។ នៅខែមីនា ឆ្នាំដដែលអង្គការត្រូវការកងកម្លាំងរបស់ ប៉េងឡេង​ មកធ្វើការនៅ ស-២១។ ពេលនោះ ប៉េងឡេង បានចាត់តាំងកម្លាំងចាស់របស់ខ្លួន៥នាក់ មានឈ្មោះ វ៉ាង, ជ្រីវ, ម្រ៉ិច, ភន និង ទីម។ ពេលដែលអ្នកទាំង៥នាក់ មកដល់ស-២១ អ្នកទាំងនោះមានភារកិច្ចត្រូវបង្កប់ស៊ីរូងផ្ទៃក្នុងនៅស-២១ និងរាយការណ៍ពីសកម្មភាព របស់បដិវត្តន៍ ដូចដែលធ្លាប់ធ្វើកន្លងមក។ ដល់ខែកក្កដា ឆ្នាំ១៩៧៧ដដែល អង្គការ បានស៊ើបដឹងអំពីសកម្មភាពរបស់ ផល់ ដែលធ្វើការប្រឆាំងនឹងបដិវត្តន៍។ មិនយូរប៉ុន្មាន អង្គការមានវិធានការចាប់ខ្លួន ផល់។  ដោយពេលនោះ ប៉េងឡេង មានការព្រួយបារម្ភ យ៉ាងខ្លាំងពីព្រោះ ផល់ បានធ្វើសកម្មភាពប្រឆាំងនឹងបដិវត្តន៍ជាមួយខ្លួន រហូតដល់ថ្ងៃ អង្គការចាប់ខ្លួន ផល់។ អំឡុងពេលនោះ អង្គការបានចាត់តាំង ប៉េងឡេង ឲ្យសួរចម្លើយ ផល់ ផ្ទាល់ ដើម្បីរកខ្សែរយៈក្បត់ជាមួយគាត់។ ពេលនោះ ប៉េងឡេង មានផែនការ ចំពោះ ផល់ ដោយជម្លៀសគាត់ឲ្យនៅឆ្ងាយពីអ្នកដទៃ ឬត្រូវសួរចម្លើយ និងធ្វើទារុណកម្មគាត់ ឲ្យជ្រុលរហូតដល់ស្លាប់។ ផែនការទាំងនេះ ប៉េងឡេង មិនទាន់បានអនុវត្តផង ថ្នាក់លើក៏ បានចាត់តាំងគាត់ ឲ្យទៅរៀបចំកម្លាំងដើម្បីការពារស្តាត សម្រាប់អង្គការបើកវគ្គរៀនសូត្រ ផ្សព្វផ្សាយ អំពីខ្សែក្បត់របស់ខ្មាំងនៅក្នុងឆ្នាំ១៩៧៧នេះ។ ទន្ទឹមនេះ អង្គការបានអប់រំ ប៉េងឡេង បន្ថែមថា ការការពារនៅស្តាតនេះវាពិតជាមានសារៈសំខាន់ណាស់ ដូច្នេះ ប៉េងឡេង ឯង ត្រូវឈរជើងនៅទីនេះជាប្រចាំ ដោយមិនចាំបាច់ទៅណាទៀតទេ។ ពេលនោះ ប៉េងឡេង ក៏បានធ្វើតាមការណែនាំរបស់ថ្នាក់លើ និងបានរៀបចំកម្លាំង ១៥០នាក់ទៀត ក្នុងការការពារទីកន្លែងនោះ។

មួយអាទិត្យក្រោយមក ប៉េងឡេង បាន ឈ្លាតឱកាសមកអង្គភាពរបស់ខ្លួន ដើម្បីពិភាក្សាជាមួយបក្ខពួក អំពីរឿងរ៉ាវ របស់ ផល់ ដែលត្រូវបានអង្គការចាប់ខ្លួន ពីព្រោះថា អំឡុងពេលដែល ប៉េងឡេង ទៅបំពេញ ភារកិច្ចនៅស្តាត ថ្នាក់លើបាននិយាយប្រាប់គាត់ថា អង្គការមានបំណងបញ្ជូន ផល់ ទៅស-២១ ដើម្បីឲ្យស-២១ អ្នកសួរចម្លើយ ផល់ វិញ។ ពេលនោះ ប៉េងឡេង និងបក្ខពួកមាន ការព្រួយបារម្ភ និងស្មុគស្មាញយ៉ាងខ្លាំង ក៏ចាត់វិធានការលួចដោះលែង ផល់ ឲ្យទៅលាក់ខ្លួននៅកន្លែងស្ងាត់ ដើម្បីឲ្យអង្គការរកមិនឃើញ។ បន្ទាប់មក ប៉េងឡេង និងបក្ខពួក បានធ្វើសកម្មភាពនេះបានសម្រេច រីឯ ប៉េងឡេង ក៏វិលត្រឡប់មកស្តាតវិញ។ ទន្ទឹមនេះ អង្គការបានឮដំណឹងថា ផល់ ត្រូវបានបក្សក្បត់ជួយរំដោះ រួចហើយបាន​រៀបចំកម្លាំង តាមចាប់ ផល់ ម្តងទៀត។ មួយរយៈក្រោយមក អង្គការបានស៊ើបដឹងពីកន្លែង ស្នាក់នៅរបស់ ផល់ ហើយបានចាត់តាំងកងកម្លាំងបដិវត្តន៍មួយចំនួនឲ្យទៅចាប់ ផល់។ ពេលនោះ អង្គការបានយក ផល់ ទៅស-២១ ដើម្បីសួរចម្លើយរកបក្ខពួកក្បត់។ ទន្ទឹមនេះ ផល់ បានឆ្លើយសារភាពប្រាប់អង្គការ អំពីខ្សែរយៈក្បត់ សេអ៊ីអា ជាបន្តបន្ទាប់ រហូត ដល់ថ្ងៃមួយ ផល់ បានសារភាពប្រាប់អង្គការថា ប៉េងឡេង ក៏ជាខ្សែរយៈក្បត់ សេអ៊ីអា ប្រឆាំងនឹងបដិវត្តន៍ដែរ។ ភ្លាមៗនោះ អង្គការក៏បានចាត់វិធានការចាប់ ប៉េងឡេង នៅថ្ងៃទី ២៧ ខែសីហា ឆ្នាំ១៩៧៧។

ដកស្រង់ចេញពីឯកសារលេខ J០០០៤៨

ហូ ថុនា បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា